|
- រូបហង្សពណ៌មាស។
- រូបភាពស្លឹកឈើផ្នែកខាងឆ្វេងមានរំលេចស្រមោលពណ៌មាស ហើយខាងស្តាំរំលេចស្រមោលពណ៌ប្រផេះ។
- រូបរង្វង់ថាសដែលពាក់កណ្តាលមានពណ៌មាស និងពាក់កណ្តាលទៀតមានពណ៌ប្រផេះ។
- ព័ទ្ធជុំវិញជារង្វង់នៅផ្នែកខាងលើ ដោយអក្សរខ្មែរថា "និយ័តករមូលបត្រកម្ពុជា" និងព័ទ្ធរង្វង់នៅផ្នែក ខាងក្រោមដោយអក្សរអង់គ្លេសថា
"SECURITIES AND EXCHANGE REGULATOR OF CAMBODIA"។
- រូបហង្សមានពណ៌មាស តំណាងឱ្យអាជ្ញាធរហិរញ្ញវត្ថុ ដែលជាអ្នកត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការ មូលបត្រ និងធានាឱ្យដំណើរការទីផ្សារមូលបត្រប្រកបដោយប្រសិទ្ធភាព មានសណ្តាប់ធ្នាប់ និងតម្លាភាព។
- រូបរង្វង់ថាសដែលពាក់កណ្តាលមានពណ៌មាស និងពាក់កណ្តាលទៀតមានពណ៌ប្រផេះ ដែលតំណាងឱ្យ ភាពចំណេញខាត ឬភាពឡើងចុះនៃដំណើរការទីផ្សារ។
- រូបហង្សពណ៌មាសឈរលើរង្វង់ថាសដែលមានជើងម្ខាងជាន់លើផ្ទៃពណ៌មាស និងជើងម្ខាងទៀតជាន់លើផ្ទៃ ពណ៌ប្រផេះ ចង់បង្ហាញថាភាពចំណេញខាត ឬភាពឡើងចុះនៃកិច្ចដំណើរការទីផ្សារស្ថិតនៅក្រោមការត្រួត ពិនិត្យ និងគ្រប់គ្រងរបស់អាជ្ញាធរជាគណៈកម្មការមូលបត្រកម្ពុជាប្រកបដោយប្រសិទ្ធភាព មានសណ្តាប់ធ្នាប់ និង តម្លាភាព។
- រូបស្លឹកឈើ តំណាងឱ្យលទ្ធផលជាផ្លែផ្កានៃការចូលរួមចំណែករបស់វិស័យមូលបត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច- ជាតិ។
- រូបហង្សពណ៌មាសជាប់ពាក់ព័ន្ធទៅនឹងដំណើរការវិវឌ្ឍនៃរូបិយវត្ថុរបស់ខ្មែរ ដោយរូបនេះត្រូវបានប្រើប្រាស់ ជាលើកដំបូងនៅលើប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួង ដើម្បីរំលឹកដល់លោក សំអាង ហង្ស ដែល ព្រះបាទអង្គឌួងបញ្ជូនឱ្យទៅសិក្សាវិជ្ជាបោះផ្សាយប្រាក់នៅបរទេស ហើយលោកបានរួមចំណែកយ៉ាងខ្លាំងក្នុង ការធ្វើឱ្យរូបិយវត្ថុខ្មែរមានអត្តសញ្ញាណច្បាស់លាស់ និងដាក់ឱ្យចរាចរក្នុងសេដ្ឋកិច្ច។
- រូបហង្សពណ៌មាសនេះ ជារូបសញ្ញាតំណាងឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាសម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ និងក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល ការណ៍នេះ ត្រូវគ្នានឹងគណៈកម្មការមូលបត្រកម្ពុជា ដែលជាអាជ្ញាធរហិរញ្ញវត្ថុមួយ ហើយមានប្រធានជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់។
ត្រារបស់និយ័តករមូលបត្រកម្ពុជា មានលក្ខណៈប្រហាក់ប្រហែលនឹងត្រាមូលរបស់អាជ្ញាធរ ឬស្ថាប័នរដ្ឋដទៃទៀតដែរ ដោយនៅកន្លែងរង្វង់មូលផ្នែកខាងលើមានអក្សរសរសេរថា "ព្រះរាជាណាចក្រកម្ពុជា" ផ្នែកកណ្តាលមានសញ្ញា ប្រាសាទអង្គវត្ត និងផ្នែកខាងក្រោមមានអក្សរសរសេរថា "និយ័តករមូលបត្រកម្ពុជា "។